ទិដ្ឋភាព និងសកម្មភាពទូទៅនៃ វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ (#TheSupplyChainForum2026) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦
(ភ្នំពេញ)៖ ទិដ្ឋភាព និងសកម្មភាពទូទៅនៃ វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ (#TheSupplyChainForum2026) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។
វេទិកាខ្សែច្រវាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ (#TheSupplyChainForum2026) នេះត្រូវបានរៀបចំឡើង ដើម្បីជំរុញការតភ្ជាប់ដោយផ្ទាល់រវាងសិប្បកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ក្នុងស្រុក ទៅកាន់បណ្តាញចែកចាយ អ្នកបញ្ជាទិញ ផ្សារទំនើប ថ្នាលពាណិជ្ជកម្មឌីជីថល និងស្ថាប័នពាក់ព័ន្ធ។
ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ មានសកម្មភាពសំខាន់ៗជាច្រើន រួមមាន៖ ការធ្វើបទបង្ហាញអាជីវកម្ម និងឱកាសពាណិជ្ជកម្ម ពីតំណាងក្រុមហ៊ុន សហគ្រាស និងម្ចាស់អាជីវកម្ម ក្នុងស្រុកចំនួន ៤ និងការចែករំលែក ករណីសិក្សាពីការគ្រប់គ្រងប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងវាគ្មិនកិត្តិយសមកពីក្រុមហ៊ុនធំៗ។ វេទិកានេះ ក៏មានរៀបចំជាវគ្គចែករំលែកចំណេះដឹងស៊ីជម្រៅស្តីពី យុទ្ធសាស្ត្រអភិវឌ្ឍន៍ម៉ាកយីហោ និងការរចនាការវេចខ្ចប់ ព្រមទាំងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកតាមរយៈថ្នាល CambodiaTrade.com ផងដែរ។
អ្វីដែលជា ចំណុចលេចធ្លោ នៃវេទិកានេះ គឺការរៀបចំយន្តការ «ផ្គូផ្គងធុរកិច្ច (B2B Speed Networking)» ដើម្បីប្រែក្លាយរាល់ជំនួបពិភាក្សាខាងលើឱ្យទៅជាឱកាសអាជីវកម្មជាក់ស្តែង។
វេទិកានាថ្ងៃនេះ ត្រូវបានរំពឹងថានឹងមានកិច្ចសហការអាជីវកម្មថ្មីៗជាច្រើនលេចជារូបរាងឡើង ដែលជាជំហានដ៏សំខាន់ក្នុងការជំរុញផលិតផលកម្ពុជាចូលទៅកាន់ទីផ្សារកាន់តែទូលំទូលាយ៕
