លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣»
(ភ្នំពេញ)៖ នារសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី «TEDxPhnom Penh Salon» ដែលជាព្រឹត្តិការណ៍អមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» ដែលកម្មវិធីនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ក្រុមការងារ TEDxPhnomPenh វាគ្មិនកិត្តិយស សហគ្រិន និងយុវជន ជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងថា សម្រាប់ក្រសួងពាណិជ្ជកម្ម ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលមិនមែនផ្តោតតែលើបច្ចេកវិទ្យាតែមួយមុខនោះទេ ប៉ុន្តែគឺជាការតភ្ជាប់បច្ចេកវិទ្យាទៅនឹងអាជីវកម្ម ទីផ្សារ ទំនុកចិត្ត ជំនាញ និងឱកាសរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដើម្បីប្រែក្លាយការធ្វើឌីជីថលរូបនីយកម្មឱ្យទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា។
លោកជំទាវរដ្ឋលេខាធិការ បន្តថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន និងសហគ្រិននៅតាមបណ្តាខេត្ត ដោយមិនកម្រិតត្រឹមតែក្នុងរាជធានី ឬអាជីវកម្មធំៗនោះឡើយ។ លើសពីនេះ ការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗដូចជា AI ត្រូវតែឈរលើមូលដ្ឋានគ្រឹះនៃសន្តិសុខសាយប័រ សុវត្ថិភាពប្រព័ន្ធ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដើម្បីធានានូវចីរភាព និងការចូលរួមដោយជឿជាក់។
លោកជំទាវរដ្ឋលេខាធិការ គូសបញ្ជាក់ថា ចំណុចសំខាន់ៗក្នុងកម្មវិធី TEDxPhnom Penh Salon គឺដើម្បីស្វែងយល់ពីកត្តាជំរុញឱ្យកម្ពុជាឈានទៅមុខបានយ៉ាងឆាប់រហ័សក្នុងសេដ្ឋកិច្ចឌីជីថល ជំរុញឱកាសដល់សហគ្រិន និងយុវជននៅតាមបណ្តាខេត្ត និងតំបន់ជនបទ ការពិភាក្សាលើឥទ្ធិពលនៃ AI និងការបង្កើតបរិយាកាសឌីជីថលដែលមានសុវត្ថិភាពខ្ពស់ ព្រមទាំងការតភ្ជាប់សហគ្រិនទៅអតិថិជន ផលិតផលទៅទីផ្សារ និងការតភ្ជាប់កម្ពុជាទៅសេដ្ឋកិច្ចតំបន់ និងពិភពលោក។
សូមជម្រាបជូនថា កម្មវិធីនេះ ក៏បានរៀបចំឱ្យមានការបោះឆ្នោតលើគំនិតអាទិភាពចំនួន ៥ សំដៅរួមគ្នាកសាងទិសដៅយុទ្ធសាស្ត្រឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេក្នុងពាណិជ្ជកម្មឌីជីថលមុនឆ្នាំ២០៣៥ ហើយក្រសួងពាណិជ្ជកម្ម ប្តេជ្ញាចិត្តប្រែក្លាយរាល់កិច្ចសន្ទនា និងគំនិតផ្តួចផ្តើមទាំងនេះ ឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង ការសាកល្បង ការផ្សារភ្ជាប់ទីផ្សារ និងការបង្កើតប្រតិបត្តិការពាណិជ្ជកម្មពិតប្រាកដ ក្នុងគោលបំណងកសាងប្រព័ន្ធអេកូស៊ីស្ទឹមពាណិជ្ជកម្មឌីជីថលកម្ពុជាប្រកបដោយភាពប្រកួតប្រជែង បរិយាបន្ន និងទំនុកចិត្តខ្ពស់៕
