លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ អញ្ជើញជាអធិបតីសម្ពោធពន្លាជាតិកម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣
(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានអញ្ជើញជាអធិបតីសម្ពោធស្តង់ពន្លាជាតិកម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ដោយមានការចូលរួមពី
ឯកឧត្តម HE Wenhao អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជននៃតំបន់ស្វយ័តក្វាងស៊ី, ប្រតិភូអន្តរក្រសួង-ស្ថាប័នកម្ពុជា ប្រតិភូខេត្តកំពង់ស្ពឺ និងវិស័យឯកជន ជាច្រើនរូប។
ក្រសួងពាណិជ្ជកម្មក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំសាងសង់ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តកំពង់ស្ពឺ ជាទីក្រុងស្រស់ប្រិមប្រិយ ដោយការរចនាបំផុសគំនិតពី ស្ថាបត្យកម្មខ្មែរបុរាណ ដោយឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប និងផ្សារភ្ជាប់គ្នារវាងសិល្បៈ វប្បធម៌ និងការដាក់តាំងបង្ហាញផលិតផលកម្ពុជាដើម្បីបង្ហាញអំពីសក្តានុពល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
សូមជម្រាបជូនផងដែរថា «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
