ឯកឧត្តម សំហេង បូរ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
(ណាននីង, ចិន)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្រោមប្រធានបទ «ការផ្សព្វផ្សាយកម្ពុជា៖ គោលដៅប្រកបដោយថាមវន្តសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍» ដែលរៀបចំឡើងអមព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី២៣។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម LIU Youming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនតំបន់ស្វយ័តក្វាងស៊ី, ឯកឧត្តម បណ្ឌិត Jonathan K. S. Choi ប្រធានសភាពាណិជ្ជកម្មទូទៅចិន និងជាប្រធានក្រុមហ៊ុន Sunwah Group, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នកម្ពុជា និងចិន, តំណាងសមាគមសហគ្រិនស្ត្រីពិញសៀង (Pingxiang), សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងធុរជន វិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វេទិកានេះរៀបចំឡើងដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពង្រីកទីផ្សារនាំចេញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ស្របតាម «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» កម្ពុជា-ចិន ហើយឆ្នាំនេះ កម្ពុជាបានជ្រើសយកខេត្តកំពង់ស្ពឺ ជា «ទីក្រុងសម្រស់ប្រឹមប្រិយ» (Charming City) ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នេះ ដែលជាទីតាំងមានសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ និងទិសដៅគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖ ១. ប្រែក្លាយទំនាក់ទំនងទៅជាលទ្ធផលជាក់ស្ដែង៖ ជំរុញឱ្យភាគីទាំងពីរប្រែក្លាយទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ឱ្យទៅជាឱកាសធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាក់ស្ដែង។ ២. កម្ពុជាជាច្រកទ្វារយុទ្ធសាស្ត្រអាស៊ាន៖ ស្នើឱ្យវិនិយោគិន និងសហគ្រាសចិន ពិសេសពីតំបន់ក្វាងស៊ី សម្លឹងឃើញកម្ពុជាមិនត្រឹមតែជាទីផ្សារមួយប៉ុណ្ណោះទេ ប៉ុន្តែជាច្រកទ្វារភ្ជាប់ទៅកាន់ទីផ្សារអាស៊ានទាំងមូល តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកភស្តុភារកម្ម ឧស្សាហកម្មកែច្នៃ កសិកម្ម និងពាណិជ្ជកម្មឌីជីថល។ ៣. បង្កើតដៃគូពាណិជ្ជកម្មរយៈពេលវែង៖ អំពាវនាវដល់អ្នកបញ្ជាទិញ និងក្រុមហ៊ុនចែកចាយចិន ឱ្យចូលរួមគាំទ្រ និងបង្កើតដៃគូពាណិជ្ជកម្មរយៈពេលវែងលើផលិតផល និងម៉ាកយីហោខ្មែរដែលមានគុណភាពខ្ពស់។ ៤. យន្តការរដ្ឋ និងឯកជន ដើរទន្ទឹមគ្នា៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តកែលម្អបរិយាកាសធុរកិច្ច និងសម្រួលពាណិជ្ជកម្ម ទន្ទឹមនេះវិស័យឯកជនត្រូវតែសកម្មក្នុងការចាប់យកឱកាស និងប្រែក្លាយការពិភាក្សាឱ្យទៅជាអាជីវកម្មជាក់ស្ដែង។
នៅក្នុងឱកាសនេះដែរ គណៈអធិបតីបានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) និងកិច្ចព្រមព្រៀងសហប្រតិបត្តិការសំខាន់ៗចំនួន ៣ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងសមាគមសហគ្រិនស្ត្រីពិញសៀង និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា។ ២. អនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើប្រព័ន្ធត្រជាក់ (Liquid Cooling) សម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI នៅកម្ពុជា។ ៣. អនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើសេវាកម្មបកប្រែ AI និងសេវាកម្មប្រជុំឆ្លាតវៃនៅកម្ពុជា៕
