ឯកឧត្តម សំហេង បូរ៉ា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ស្តីពី «កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្នុងឱកាសពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង
(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង «វេទិកាស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្រោមមូលបទ «ថាមពលឆ្លាតវៃតភ្ជាប់អនាគតអាស៊ានបៃតង» ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ាន លើកទី២៣។
វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម QIAN Xueming អនុប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន តំបន់ក្វាងស៊ី, ឯកឧត្តម YANG Kun អនុប្រធានប្រតិបត្តិក្រុមប្រឹក្សាអគ្គិសនីចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងតំណាងវិស័យឯកជនក្នុងវិស័យថាមពល មកពីសាធារណរដ្ឋប្រជាមានិតចិន និងអាស៊ានយ៉ាងច្រើនកុះករ។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណងបន្តអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានឱ្យកាន់តែស៊ីជម្រៅ។
