ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន
(ណាននីង, ចិន)៖ នារសៀលថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជី សុថារិទ្ធ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម និងកិច្ចការពិព័រណ៍ និងសហការី បានចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ស្តីពីពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក LI An អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ី នៃក្រសួងពាណិជ្ជកម្មចិន លោកស្រី Corazon Dichosa ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាវិនិយោគប្រទេសហ្វីលីពីន និងមានការចូលរួមពី ឯកឧត្តម Wang Jicai អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន សហអគ្គលេខាធិការរង និងមន្ត្រីសម្របសម្រួលនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងតំណាងស្ថានកុងស៊ុល និងទីប្រឹក្សាពាណិជ្ជកម្មនៃបេសកកម្មការទូតអាស៊ានប្រចាំប្រទេសចិន លេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖
១. ពិនិត្យឡើងវិញអំពីលទ្ធផលនៃការរៀបចំ និងការចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣;
២. ពិភាក្សាអំពីផែនការសកម្មភាព និងការជ្រើសរើសប្រទេសកិត្តិយស សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៤; និង
៣. ប្រគល់ពានរង្វាន់ដល់បណ្តាប្រទេសជាសហអ្នករៀបចំអាស៊ាន សម្រាប់ការរួមចំណែកក្នុងការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២៣។
ជាលទ្ធផល កិច្ចប្រជុំបានឯកភាព និងសម្រេចលើលទ្ធផលសំខាន់ៗមួយចំនួន រួមមាន៖
(១) ពិព័រណ៍ចិន-អាស៊ាន លើកទី២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៧ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជួងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយនឹងបន្តជំរុញការចូលរួមកាន់តែច្រើនពីឧស្សាហកម្មកំពុងរីកចម្រើន និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។
(២) ជ្រើសរើសប្រទេសសិង្ហបុរីជាប្រទេសកិត្តិយស សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៤ តាមយន្តការជ្រើសរើសតាមលំដាប់អក្សរ។
(៣) សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ កម្ពុជាទទួលបានពានរង្វាន់ចំនួន ២ រួមមាន៖ ១) Special Contributor for Trade/Investment Promotion និង ២) Special Contributor for AI Cooperation។
ជារួម អង្គប្រជុំបានឯកភាពលើតួនាទីដ៏សំខាន់របស់ពិព័រណ៍ចិន-អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន ព្រមទាំងឯកភាពជំរុញការទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) និងការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៤៕
